
ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងតែងសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា តែមានវប្បធម៌យកអាសារគ្នា និងជួយគ្នាក្នុងគ្រាមានអាសន្ន និងគ្រោះភ័យនានា។ ក្នុងសកម្មភាពទាំងនោះ យើងតែងមើលឃើញថា យុវជនខ្មែរយើង ក៏បានបង្ហាញនូវឥរិយាបទ និងបង្កើតទម្លាប់គំរូសម្រាប់យុវជនដទៃទៀត តាមរយៈការចូលរួមធ្វើសកម្មភាពសង្គមជាច្រើនផងដែរ ដូចជាសកម្មភាពថែរក្សាបរិស្ថាន និងអនាម័យតាមទីសាធារណៈ ការចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីបរិស្ថាន ការចូលរួមសកម្មភាពរៃអង្គាសថវិកា ដើម្បីជំនួយសប្បុរសធម៌ជួយដល់កុមារកំព្រា ចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកជំងឺនានានៅតាមជនបទដាច់ស្រយាលជាដើម។ តើការចូលរួមសកម្មភាពសង្គមផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ការចូលរួមសកម្មភាពសង្គមរបស់យុវជន និងប្រជាពលរដ្ឋ បានផ្តល់ចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែបអំពីជីវិតរស់នៅប្រចាំ និងការបំពេញការងារ។ ជាមួយគ្នាផងដែរ យុវជន ដែលជាសិស្ស និស្សិត ដែលបានចូលរួមក្នុងសកម្មភាពសង្គមទាំងផ្ទាល់ និងប្រយោល គឺទទួលបានបទពិសោធន៍ចំណេះដឹង និងបទពិសោធន៍ការងារ ដែលជាមាគ៌ាសម្រាប់ឱកាសបន្តការសិក្សារបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស។ ហើយវាក៏ជាឱកាសសម្រាប់ការឈានជើងចូលប្រឡូកក្នុងវិស័យការងារទៅតាមអាជីព និងវិជ្ជាជីវៈរបស់ខ្លួនផងដែរ។
សកម្មភាពសង្គមរបស់យុវជន ប្រជាពលរដ្ឋ និងស្ថាប័នក្រុមហ៊ុននានា ត្រូវបានធ្វើឡើងក្រោមរូបភាពផ្តល់ជំនួយសប្បុរសធម៌ និងជំនួយមនុស្សធម៌ បានរួមចំណែកដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅគ្រប់មូលដ្ឋាន ជាពិសេសស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា និងអ្នកជំងឺផ្សេងៗផងដែរ។ សកម្មភាព ដែលតែងតែត្រូវបានគេមើលឃើញថា បានជួយសង្គមបានច្រើននាពេលបច្ចុប្បន្ននេះ មានដូចជា ការចែកអំណោយសប្បុរសធម៌ជា គ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ការចែកសម្លៀកបំពាក់ ថ្នាំសង្កូវ ការបរិច្ចាគថវិកា ការចូលរួមសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ។ល។
សកម្មភាពទាំងនេះ កកើតឡើងបាន គឺតាមរយៈការចូលរួម ឬរៃអង្គាសថវិកាពីមិត្តភក្តិ បងប្អូន សាច់ញ្ញាតិ ឬតាមរយៈការធ្វើកម្មវិធីសាធារណៈដើម្បីប្រមែប្រមូលថវិកាពីបណ្តាសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីចាត់ចែងអំណោយសប្បុរសធម៌ទាំងនោះជូនទៅកាន់ប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាត និងរស់នៅក្នុងភាពអត់ឃ្លាន។
ជាចុងក្រោយនេះ ក្នុងនាមខ្ញុំបាទជាអ្នកចូលចិត្តសកម្មភាពសង្គម សូមលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ បន្តសកម្មភាពចូលរួម ឬបន្តការគាំទ្រដល់សកម្មភាពសង្គម ដើម្បីបានរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្វះខាត និងបានរួមចំណែកអភិវឌ្ឍមូលដ្ឋាន និងសហគមន៍ដាច់ស្រយាលនានា។ ការចូលរួមសកម្មភាពដ៏មានតម្លៃនេះ ពិតជាបានជំរុញទឹកចិត្ត និងបង្កើតចិត្តសទ្ធារជ្រះថ្លា។ វាក៏សបញ្ជាក់អំពីវប្បធម៌ចែករម្លែក ការយកអាសារគ្នា និងការជួយគ្នាទៅវិញទៅមក ហើយវានឹងបង្កើតជាគំរូដ៌ល្អមួយសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។