អត្ថបទដោយ : ខៀវ រដ្ឋា
ដើម្បីមានរាងស្អាត និងមានសុខភាពល្អ អ្នកត្រូវធ្វើសកម្មភាពរាងកាយ។ សកម្មភាពរាងកាយទៀងទាត់អាចជួយការពារអ្នកពីជំងឺធ្ងន់ធ្ងរដូចជា ជំងឺធាត់ បេះដូង មហារីក ផ្លូវចិត្ត ទឹកនោមផ្អែម និងជំងឺរលាក សន្លាក់។ ការជិះកង់ជាទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពរបស់អ្នក។
ការជិះកង់ គឺជាលំហាត់ប្រាណអាចធ្វើឱ្យសុខភាពល្អសម្រាប់មនុស្សគ្រប់វ័យ មិនថាកុមារតូចៗ ឬ មនុស្សចាស់ឡើយ ហើយវាក៏ល្អសម្រាប់បរិស្ថាន។ ការជិះកង់ទៅធ្វើការ ឬហាងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការរួមបញ្ចូលការធ្វើលំហាត់ប្រាណជាប្រចាំជាមួយនឹងទម្លាប់ប្រចាំថ្ងៃរបស់ អ្នក។ មនុស្សមួយចំនួនប្រហែលជាជិះកង់ជារៀងរាល់ថ្ងៃ សម្រាប់ការដឹកជញ្ជូន ការកម្សាន្ត និងកីឡា។
ជិះកង់ដើម្បីសុខភាព និងកាយសម្បទា៖
ការចំណាយពេលត្រឹមតែ២ ទៅ៣ម៉ោងក្នុងមួយសប្តាហ៍ដើម្បីសម្រេចបាននូវភាពប្រសើរឡើងជាទូទៅចំពោះសុខភាពរបស់អ្នក។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ខ្លះៗនៃការជិះកង់៖
• ផលប៉ះពាល់ទាប : ការជិះកង់អាចបណ្តាលឱ្យមានភាពតានតឹង និងរបួសតិចជាងទម្រង់នៃការធ្វើ លំហាត់ប្រាណដទៃទៀត។
• ការហាត់ប្រាណជួយឱ្យសាច់ដុំល្អ : ការជិះកង់ប្រើក្រុមសាច់ដុំសំខាន់ៗទាំងអស់។
• មានភាពងាយស្រួល : ការជិះកង់មិនដូចកីឡាមួយចំនួនទៀតទេ វាមិនតម្រូវឱ្យមានជំនាញរាងកាយខ្ពស់នោះទេ។ មនុស្សភាគច្រើនដឹងពីរបៀបជិះកង់ ហើយនៅពេលដែលអ្នករៀនជិះ ក៏ពុំមានការលំបាកខ្លាំងនោះដែរ។
• ល្អសម្រាប់កម្លាំង និងថាមពល : ការជិះកង់ជួយបង្កើនភាពរឹងមាំ កម្លាំង និងកាយសម្បទាតាមបែប aerobic។
• អ្នកអាចធ្វើតាមអ្វីដែលអ្នកចង់បាន : ប្រសិនបើអ្នកទើបតែជាសះស្បើយពីរបួស ឬជំងឺ អ្នកនឹងមានភាពលំបាកក្នុងការធ្វើលំហាត់ប្រាណរាងកាយ។ មធ្យោបាយដែលល្អសម្រាប់អ្នកគឺការជិះកង់ វាអាចធ្វើឡើងក្នុងកម្រិតទាបបំផុត ដោយចាប់ផ្តើមបន្តិចម្តងៗទៅតាមការចង់បាន ដើម្បីជួយពង្រឹងរាងកាយរបស់អ្នកឱ្យមានភាពរឹងមាំ និងប្រសើរឡើយបាន។
• ជាមធ្យោបាយដ៏រីករាយមួយ និងងាយស្រួលសម្របខ្លួន : ការជិះកង់កម្សាន្តផ្សងព្រេងក្នុងព្រៃ តាមជ្រលងភ្នំ និងលើភ្នំ នឹងធ្វើឱ្យអ្នកទទួលបានអារម្មណ៍រីករាយ និងភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងសកម្មភាពធ្វើលំហាត់ប្រាណរាងកាយផ្សេងទៀតនៅក្នុងផ្ទះ។
• ចំណេញពេលវេលា : ប្រសិនបើអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយការជិះកង់ជំនួសឱ្យការបើកបរយានយន្ត ឬប្រើប្រាស់រថភ្លើង ឬឡានក្រុង អ្នកនឹងចំណាយពេលតិចក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ស្ទះចរាចរណ៍ និងជួយឱ្យអ្នកបានធ្វើលំហាត់ប្រាណចលនារាងកាយ និងមានសុខភាពល្អ។
អត្ថប្រយោជន៍ចំពោះសុខភាពនៃការជិះកង់ទៀងទាត់៖
ការជិះកង់ គឺជាសកម្មភាពរស់រវើក ដែលធ្វើឱ្យបេះដូង សរសៃឈាម និងសួតរបស់អ្នកដំណើរការបានល្អ។ អ្នកនឹងដកដង្ហើមកាន់តែវែង បែកញើស និងទទួលបានបទពិសោធន៍កើនឡើងនៃសីតុណ្ហភាពរាងកាយ ដែលនឹងធ្វើកាយសម្បទាទាំងមូលរបស់អ្នកមានភាពប្រសើរឡើង។
អត្ថប្រយោជន៍សុខភាពនៃការជិះកង់ទៀងទាត់រួមមាន៖
• បង្កើនភាពរឹងមាំនៃសរសៃឈាមបេះដូង
• បង្កើនកម្លាំងសាច់ដុំ និងភាពបត់បែន
• ធ្វើឱ្យប្រសើរឡើងនូវការចល័តរួមគ្នា
• កាត់បន្ថយកម្រិតស្ត្រេស
• ធ្វើឱ្យប្រសើរឡើងនូវឥរិយាបថ និងមានកាយសម្បទាសមស្រប
• ឆ្អឹងរឹងមាំ
• កាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងខ្លួន
• បង្កើនប្រព័ន្ធការពាររាងកាយ និងការពារជំងឺ
• កាត់បន្ថយការថប់អារម្មណ៍ និងការបាក់ទឹកចិត្ត។
ភាពធាត់ និងការគ្រប់គ្រងទម្ងន់៖
ការជិះកង់ គឺជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រង ឬកាត់បន្ថយទម្ងន់ ព្រោះវាបង្កើនអត្រាមេតាបូលីសរបស់អ្នក បង្កើតសាច់ដុំ និងដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។ ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ ការជិះកង់ត្រូវតែរួមបញ្ចូលជាមួយផែនការអាហារដែលអាចជួយឱ្យមានសុខភាពល្អ។ ការជិះកង់ គឺជាទម្រង់នៃការហាត់ប្រាណដ៏មានផាសុកភាព ហើយអ្នកអាចផ្លាស់ប្តូរពេលវេលា និងបរិមាណនៃរបបអាហាររបស់អ្នក វាអាចត្រូវបានបង្កើតឡើងយឺតៗ និងផ្លាស់ប្តូរទៅតាមតម្រូវការរបស់អ្នក។ តាមការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើអ្នកជិះកង់ហាត់ប្រាណបានមួយសប្តាហ៍អាចដុតជាតិខ្លាញ់នៅក្នុងខ្លួនយ៉ាងហោចណាស់ ៨,៤០០គីឡូស៊ូល (ប្រហែល២,០០០កាឡូរី) ក្នុងមួយសប្តាហ៍ និងក្នុងមួយម៉ោងអាចដុតបំផ្លាញប្រហែល១,២០០គីឡូស៊ូល (ប្រហែល៣០០កាឡូរី)។ ប្រសិនបើអ្នកជិះកង់ពីរដងក្នុងមួយថ្ងៃ គីឡូស៊ូលដែលឆេះនឹងមានការកើនឡើងខ្ពស់។ ការស្រាវជ្រាវរបស់អង់គ្លេសបង្ហាញថា ការជិះកង់កន្លះម៉ោងជារៀងរាល់ថ្ងៃនឹងដុតបំផ្លាញជាតិខ្លាញ់ជិតប្រាំគីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ Cycling – health benefits – Better Health Channel