អត្ថបទដោយ៖​ ចាំ រតនា

ការរៀនលាយបញ្ចូលគ្នាគឺសម្តៅដល់ការសិក្សាក្នុង​​​ថ្នាក់ផ្ទាល់និងផ្សាភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត។ វាបានផ្តល់ឱ្យមានការរៀនសូត្រស៊ីជម្រៅ និងប្រកបដោយអត្ថន័យនៅក្នុងពិភពឌីជីថលដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ។ គោលបំណងនៃវិធីសាស្រ្តនេះគឺដើម្បីបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ផ្ទាល់ជាមួយនឹងគុណសម្បត្តិដ៏មានអត្ថប្រយោជន៍បំផុតនៃបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបញ្ចូលគ្នានេះគឺមិនមែនដើម្បីជំនួសគោលការណ៍អប់រំទូទៅនោះទេ ប៉ុន្តែដើម្បីធ្វើឱ្យការសិក្សារបស់ពួកគាត់រឹតតែល្អប្រសើរឡើង។ ការរៀនលាយបញ្ចូលគ្នានេះដែរគឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្សានុសិស្ស រាប់ចាប់ពីការរៀបចំខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត ក៏ដូចជាការកំណត់ភាពផ្ទាល់ខ្លួន និងការចូលរួមប្រាស្រ័យទាក់ទងគ្នាផងដែរ។
-ការរៀនលាយបញ្ចូលគ្នាគឺមានភាពប្រាស្រ័យទាក់ទងគ្នាច្រើនជាងមុន
របៀបនៃការសិក្សាគឺកើតឡើងជាមួយនឹងលក្ខណៈពិសេសផ្សេងៗគ្នា នៅពេលដែលមានការប្រើប្រាស់សម្ភារៈបង្រៀនផ្សេងៗគ្នាដល់សិស្សានុសិស្ស។ ការពិចារណាលើចំណូលចិត្តសិក្សារបស់សិស្ស ជំរុញការចូលរួមរបស់ពួកគេជាមួយនឹងសម្ភារៈសិក្សា។
ខណៈពេលដែលវិធីសាស្រ្តបង្រៀនមានភាពខុសប្លែកគ្នានៅក្នុងថ្នាក់រៀននីមួយៗ ការរៀនបញ្ចូលគ្នាធ្វើអោយការចូលរួមរបស់សិស្សមានភាពប្រសើរជាងមុនដោយជំរុញការងារសហការ និងរួមទាំងមុខងារអន្តរកម្មផងដែរ។ ការចូលរួមយ៉ាងសកម្មត្រូវបានលើកទឹកចិត្តតាមរយៈការប្រើប្រាស់វីដេអូ ករណីសិក្សាក្នុងទិដ្ធភាពជាក់ស្តែង និងរបៀបទំនាក់ទំនងផ្សេងៗទៀត។
លើសពីនេះ ការចូលរួមរបស់សិស្សកើនឡើងនៅពេលដែលគម្រោង និងការបង្រៀនត្រូវបានសម្របតាមតម្រូវការជាក់លាក់របស់ពួកគេ ដែលអាចត្រូវបានជួយតាមរយៈបច្ចេកវិទ្យាអប់រំ។
-ការរៀនបញ្ចូលគ្នាបង្កើតឱ្យមានឱកាសសម្រាប់ភាពផ្ទាល់ខ្លួន
ការរៀនលាយបញ្ចូលគ្នាដែលផ្តោតលើសិស្ស ធ្វើឱ្យវាកាន់តែសាមញ្ញក្នុងការកំណត់របៀបសិក្សាផ្ទាល់ខ្លួនដោយផ្អែកលើភាពរីកចម្រើនក៏ដូចជាតម្រូវការសិក្សារបសសិស្សម្នាក់ៗ។ សិស្សនៅក្នុងថ្នាក់ដូចគ្នាអាចមានភាពរីកចម្រើនក្នុងល្បឿនខុសៗគ្នា ហើយគ្រូបង្រៀនអាចចែកចាយ និងផ្លាស់ប្តូរព័ត៌មានតាមតម្រូវការ។
ការធ្វើបែបនេះ​ក៏បាន​អនុញ្ញាត​ឱ្យ​គ្រូ​ប្រើ​ពេល​វេលា​ក្នុង​ថ្នាក់​របស់​ពួក​គេ​បាន​កាន់​តែ​ប្រសើរ​ផង​ដែរ។ លទ្ធផលនៃការសិក្សាមានភាពប្រសើរឡើងយ៉ាងខ្លាំង នៅពេលដែលពួកគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកតម្លៃកាន់តែច្រើនពីការរៀនផ្ទាល់នៅក្នុងថ្នាក់។
-ការរៀនបញ្ចូលគ្នាបានជួយត្រួសត្រាយដល់ការត្រៀមខ្លួនដល់សិស្សសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងវិជ្ជាជីវៈ
ការរៀនលាយបញ្ចូលគ្នាជួយក្នុងការធានាថាសិស្សទាំងអស់ត្រូវបានរៀបចំសម្រាប់ការអប់រំក្រោយមធ្យមសិក្សា និងវិជ្ជាជីវៈ។ សិស្សរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាជំនាញខាងក្រៅសំខាន់ៗ ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងការងារ។
នៅក្នុងបរិយាកាសចម្រុះ សិស្សចូលរួមជាមួយសាស្ត្រាចារ្យ និងមិត្តរួមថ្នាក់តាមរយៈវេទិកាពិភាក្សា អ៊ីមែល សន្និសីទវីដេអូ វេទិកាជជែក និងធនធានផ្សេងទៀត។ ការបង្ហោះឯកសារ ការរុករកគេហទំព័រ និងការងារឌីជីថលផ្សេងទៀតក៏ត្រូវបានទាមទារផងដែរ។
ជំនាញទន់ទាំងនេះក៏ត្រូវបានបណ្តុះបណ្តាលនៅក្នុងយុទ្ធសាស្ត្រសិក្សាចម្រុះផងដែរ។ សមត្ថភាពទាំងនេះរួមមានការគ្រប់គ្រងពេលវេលា ការគិតសុីជម្រៅ ការធ្វើការងារជាក្រុម ការរៀនសូត្រយ៉ាងសកម្ម និងលក្ខណៈសំខាន់ៗដទៃទៀត។