
ដោយ នាយិកា នៅ សុជ្ជណា
ដោយសារស្ថានភាពរាតត្បាតនៃជំងឺកូវីដ-៩ នាពេលបច្ចុប្បន្ននេះ វិស័យអប់រំបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាការសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា និងការរៀនសូត្រនៅផ្ទះសម្រាប់កុមារតូចៗវិញ។ រឿងមួយដែលខ្ញុំគិតថាមានអត្ថប្រយោជន៍បំផុតសម្រាប់កុមារនៅកម្រិតទាបៗ គឺការរៀនសូត្រនៅផ្ទះ (Homeschooling)។ ការរៀនសូត្រនៅផ្ទះ (Homeschooling) មានអត្ថប្រយោជន៍ជាច្រើនសម្រាប់លោកឪពុក និងអ្នកម្តាយ។
1. ការអប់រំនៅតែមានបន្ត
កូនរបស់លោកអ្នក អាចអនុវត្តជំនាញគោលទាំងបួនរបស់ពួកគាត់តាមរយៈការស្តាប់ខ្សែសំឡេងផ្សេងៗ ការសិក្សាតាមរយៈសៀវភៅ និងវីដេអូអប់រំផ្សេងៗទៀតនៅលើគេហទំព័រយូធូប (YouTube)។ លោកអ្នក អាចបន្តឱ្យកូនៗសិក្សាតាមរយៈការអនុវត្តផ្ទាល់នៅផ្ទះដែលនេះជាចំណុចដ៏សំខាន់ក្នុងការសិក្សាភាសាបរទេស។
2. ចែករំលែកចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់អ្នកទៅលើកូនៗ
លោកអ្នក អាចចែករំលែកនូវចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាមួយកូនៗរបស់អ្នកបានច្រើនជាងការដែលពួកគេចូលរៀនពេញម៉ោងនៅក្នុងថ្នាក់ទៅទៀត។ លោកអ្នក អាចចែករំលែកចំណេះដឹងរបស់អ្នកអំពី ការសាងសង់ផ្ទះ ឬការវិនិយោគ ការលេងភ្លេងជាមួយគ្នា និងធ្វើការអនុវត្តនានាលើបុព្វហេតុនៃក្នុងការរស់នៅ ឬសង្គមជាតិ។
3. សន្សំសំចៃថវិកា
ការរៀនសូត្រនៅផ្ទះ (Homeschooling) អាចចំណាយតិចជាងការមករៀននៅសាលា។ អាចកាត់បន្ថយការចំណាយលើឯកសណ្ឋាន ការមិនធ្វើដំណើរក្នុងពេលឈប់សម្រាកវិស្សមកាល និងការធ្វើដំណើរផ្សេងៗ ដោយមិនរាប់បញ្ចូលការចំណាយលើថ្លៃសិក្សា ទាំងសាលារដ្ឋ និងសាលាឯកជនទ្បើយ។ ឪពុកម្តាយមួយចំនួន អាចសន្សំថវិកាបានយ៉ាងច្រើនពីការដែលឱ្យកូនៗសិក្សានៅផ្ទះ។ ខ្លះទៀតក៏ប្រើវិធីសាស្ត្រឱ្យកូនៗសិក្សានៅផ្ទះ ដើម្បីជាការរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគាត់ផងដែរ។
4. សេរីភាពក្នុងការរៀបចំកាលវិភាគសិក្សា
ការសិក្សានៅផ្ទះ គឺធ្វើឱ្យកូនមិនចាំបាច់ខ្វល់ខ្វាយពីម៉ោងចូលរៀន ឬម៉ោងដែលរថយន្តសាលាមកទទួលទេ។ អ្នកអាចកំណត់កាលវិភាគដោយខ្លួនឯង ដើម្បីឱ្យមានភាពងាយស្រួលចំពោះគ្រួសាររបស់លោកអ្នក។
5. ការលូតលាស់ និងភាពរីកចម្រើនរបស់បុគ្គល
ដោយសារតែមានការចូលរួម និងទំនួលខុសត្រូវខ្ពស់ទៅលើការសិក្សារបស់កូនៗអ្នកអាណាព្យាបាលអាចបណ្តុះជំនាញទៅលើការផ្តល់ដំបូន្មាន និងការលើកទឹកចិត្តដល់ពួកគាត់។ ឪពុកម្តាយ អាចរីកចម្រើនលើផ្នែកទស្សនវិជ្ជា ផ្លូវចិត្ត ឬសង្គម និងផ្លូវអារម្មណ៍ផងដែរ។
ទោះបីជាអ្នកអាចឃើញពីសារៈសំខាន់ជាច្រើនដើម្បីជួយកូនៗក្នុងការសិក្សានៅផ្ទះក៏ដោយ កុមារនៅតែត្រូវការទំនាក់ទំនងក្នុងសង្គម និងបរិយាកាស ដ៏ស្រស់បំព្រងជាមួយមិត្តរួមថ្នាក់ និងរួមសាលារបស់ពួកគាត់ផងដែរ។ ការសិក្សានៅផ្ទះ (Homeschooling) គឺមិនមែនសម្រាប់គ្រប់គ្រួសារទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងគួររួមបញ្ចូលមធ្យោបាយនេះដើម្បីដោះស្រាយនាពេលបច្ចុប្បន្ន ដោយហេតុថាសព្វថ្ងៃនេះ កុមារទាំងឡាយនៅមិនទាន់អាចទៅសាលារៀនបាននៅឡើយទេ។ ហេតុដូច្នេះ ការសិក្សានៅផ្ទះ (Homeschooling) គឺជាវិធីដ៏ល្អបំផុត ដើម្បីផ្តល់ឱ្យកូនៗរបស់លោកអ្នកនូវសុវត្ថិភាព និងទទួលបានចំណេះក្នុងពេលតែមួយ។
សូមឱ្យកុមារគ្រប់រូប និងលោកឪពុកអ្នកម្តាយទាំងអស់ ទទួលបាននូវសេចក្តីសុខសុវត្ថិភាព និងរីករាយជាមួយការសិក្សារបស់ខ្លួន!