
មនុស្សឧស្សាហ៍ព្យាយាម ផ្តោតលើការរីកចម្រើន ចំណេះដឹង និងបទពិសោធន៍នៅក្នុងក្រុមហ៊ុន។ ពួកគាត់ចង់រៀនបន្ថែម និងជម្រុញខ្លួនឯងនៅក្នុងវិស័យមួយនេះ។ ទាំងនេះ គឺជាអត្ថប្រយោជន៍សំខាន់ទាំងបីសម្រាប់បុគ្គលិកឧស្សាហ៍ព្យាយាម៖
ការពង្រីកចំណេះដឹង៖ មិនថាការងារសំខាន់ ឬមិនសូវសំខាន់យ៉ាងណាក៏ដោយ សុទ្ធសឹងតែងតែមានបញ្ហាប្រឈម និងឱកាសសម្រាប់អ្នកឱ្យមានការរីកចម្រើន។ វាគ្រាន់តែត្រូវការធ្វើឱ្យប្រសើរឡើង អភិវឌ្ឍ និងក្លាយជាគំរូដ៏ប្រសើរជាងមុនដោយខ្លួនឯង។ មានមនុស្សមួយចំនួន មិនចង់ធ្វើការងារដែលមិនទាក់ទងនឹងវិស័យរបស់ខ្លួននោះទេ ព្រោះពួកគាត់គិតថា វាជារឿងគ្មានប្រយោជន៍។ ប៉ុន្តែ ការងារទាំងនោះអាចជួយពួកគាត់នៅថ្ងៃណាមួយនាពេលអនាគតជាក់ជាមិនខាន។ ត្រូវចងចាំថា អ្នកកាន់តែធ្វើ អ្នកនឹងទទួលបានបទពិសោធកាន់តែច្រើន។
ការអភិវឌ្ឍចរិតលក្ខណៈ៖ ការខិតខំប្រឹងប្រែងធ្វើការងារមិនមែនជារឿងងាយស្រួល ប៉ុន្តែវាពិតជាមានការលំបាកខ្លាំងណាស់។ មានឧបសគ្គជាច្រើនដែលអ្នកនឹងត្រូវប្រឈមដើម្បីទទួលបាននូវអ្វីដែលមានអត្ថន័យ។ ការខិតខំប្រឹងប្រែងនឹងជួយឱ្យអ្នកអភិវឌ្ឍចរិតលក្ខណៈផ្ទាល់ខ្លួនមួយចំនួនដូចជាការតស៊ូព្យាយាម ការមិនបោះបង់ ការគ្រប់គ្រង វិន័យ និងការអត់ធ្មត់។
ការសាងកិត្តិយស និងកេរ្តិ៍ឈ្មោះ៖ បុគ្គលិកដែលខិតខំធ្វើការងារត្រូវបានគេចាត់ទុកថា ជាមនុស្សដែលអាចទុកចិត្តបាន និងមានទំទួលខុសត្រូវ។ ជាបុគ្គលដែលដឹងពីកាតព្វកិច្ចរបស់ខ្លួនឯងច្បាស់ ហើយចេះរៀបចំផែនការក្នុងការបំពេញកិច្ចការទាំងនោះបានទាន់ពេលវេលាដោយមិនមានការពន្យារពេល ឬដោះសាពីមូលហេតុដែលមិនអាចបំពេញការងារបានទាន់ពេលវេលា។ និយោជិកឱ្យតម្លៃទៅលើបុគ្គលិកដែលខិតខំធ្វើការងារ ព្រោះគាត់ដឹងថា ប្រាក់របស់គាត់មានតម្លៃក្នុងការចំណាយទៅលើបុគ្គលដែលអាចទុកចិត្តបាន។ មួយវិញទៀត មិត្តរួមការងាររបស់អ្នកនឹងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកផងដែរ។ នៅពេលអ្នកត្រូវការឯកសារយោងសម្រាប់ការងារថ្មី ឬកម្មវិធីផ្សេងទៀត ពួកគាត់នឹងរីករាយក្នុងការជួយ និងគាំទ្រអ្នកដើម្បីសម្រេចគោលដៅថ្មី។
ដោយអ្នកគ្រូ សុខ សុផល