រៀបរៀងដោយ កញ្ញា សុខ សុផល
ការរៀនភាសាថ្មីគឺសប្បាយ ប៉ុន្តែក៏រាងពិបាកដែរ។ វាត្រូវការពេលវេលា និងការតាំងចិត្តទាំងយប់ទាំងថ្ងៃដើម្បីទទួលបានភាពស្ទាត់ជំនាញ។ វាទាមទារឱ្យមានចំណង់ចំណូលចិត្ត និងគោលបំណងដើម្បីធ្វើឱ្យអ្នកនៅតែផ្តោតអារម្មណ៍ និងមានឆន្ទៈក្នុងការស្វែងយល់ពីទិដ្ឋភាពផ្សេងៗនៃភាសា។ មិនថាអ្នករៀនភាសាយូរប៉ុណ្ណានោះទេ ប្រសិនបើអ្នកមិនអាចបញ្ចេញសម្លេងបានល្អ ហាក់បីដូចជាមិនបានរៀនដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ពីរនៃការបញ្ចេញសម្លេងល្អ៖
១. ការបញ្ចេញសម្លេងបានល្អជួយឱ្យអ្នកដទៃយល់ពីអ្នកបានឆាប់រហ័ស
មនុស្សភាគច្រើនជួបប្រទះការលំបាកក្នុងការបញ្ចេញសម្លេងពាក្យ ឃ្លា ឬប្រយោគឱ្យបានត្រឹមត្រូវដែលអាចបណ្តាលឱ្យមានការយល់ច្រឡំ។ ការនិយាយបានល្អមិនមែនមានន័យថា អ្នកអាចបញ្ចេញសម្លេងបានល្អនោះទេ។ អ្នកត្រូវចងចាំថា ការអនុវត្តការនិយាយច្រើន មិនមែនមានន័យថាអ្នកអនុវត្តន៍ការបញ្ចេញសម្លេងច្រើននោះទេ។ ការអនុវត្តការនិយាយអាចជួយអ្នកឱ្យប្រើប្រយោគបានតាមបែបធម្មជាតិនៅក្នុងការសន្ទនាពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចេញ សម្លេង គឺសំដៅលើការបញ្ចេញសម្លេងឱ្យបានច្បាស់ និងងាយស្រួលយល់។
២. ការបញ្ចេញសម្លេងបានល្អអាចជួយបង្កើនជំនាញទំនាក់ទំនង
ក្រឡេកមកមើលគោលបំណងរបស់អ្នកក្នុងការរៀនភាសាថ្មី៖ ការធ្វើដំណើរ ការប្រកបអាជីវកម្ម ការបង្រៀន ឬការប្រាស្រ័យទាក់ទងគ្នា ពេលខ្លះអ្នកអាចមិនសូវជឿជាក់ក្នុងការនិយាយភាសាផ្សេង ដោយសារអ្នកមានអារម្មណ៍ខ្មាស់អៀន ឬព្រួយបារម្ភអំពីការនិយាយខុស ឬមានការយល់ ច្រឡំ។ អ្នកប្រហែលជាមិនចង់និយាយជាមួយមនុស្សដែលអ្នកពិបាកក្នុងការនិយាយគ្នានោះទេ។ វាអាចនឹងមានពាក្យទាំងនេះច្រើន“ អ្វី?”“ ហ៊ឺ?”“ និយាយម្តងទៀតបានទេ?” ។ ពេលខ្លះដៃគូរបស់អ្នកក៏អាចយល់ច្រលំនូវអត្ថន័យនៃពាក្យខ្លះដែលមានអក្ខរាវិរុទ្ធដូចគ្នា ប៉ុន្តែការបញ្ចេញសម្លេង និងអត្ថន័យខុសគ្នាដូចជាពាក្យ “address” (កិរិយាស័ព្ទ) និង “address” (នាម) ។ ទោះជាយ៉ាងណា ការបញ្ចេញសម្លេងបានល្អនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានទំនុកចិត្ត និងបញ្ចេញអារម្មណ៍របស់អ្នកដោយសេរី។
ការបញ្ចេញសម្លេងបានល្អ ការគោរពខ្លួនឯង នឹងជួយអ្នកក្នុងការអភិវឌ្ឍន៍ការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនរបស់អ្នកឱ្យកាន់តែល្អប្រសើរ។ ដូច្នេះ អនុវត្ត និងរៀនបញ្ចេញសម្លេងឱ្យបានល្អចាប់ពីពេលនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការរៀនភាសាថ្មី!