ដោយលោកគ្រូ សុីម វណ្ណនី

ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា តាកែវជាខេត្តចំណាស់មួយហើយត្រូវបានគេចាត់ទុកថាជា “ដើមកំណើតនៃអរិយធ៌មខ្មែរ”។ ធ្វើដំណើរត្រឹមតែ១ ម៉ោង កន្លះពីរាជធានីភ្នំពេញ នោះអ្នកនឹងទៅដល់ទីរួមខេត្តតាកែវ។ មជ្ឈមណ្ឌលសេដ្ឋកិច្ចខេត្តតាកែវផ្តោតលើការធ្វើកសិកម្ម ការនេសាទត្រី ដំណាំស្រូវ និងដំណាំផ្លែឈើ។ និយាយដល់ខេត្តនេះ គ្រប់គ្នាប្រាកដជានឹកឃើញអំពីចំណីអាហារពេញនិយមជាងគេប្រចាំខេត្តនេះ នោះគឺ ពងទាកូនស្រែ និងបង្កងទឹកសាបខេត្តតាកែវ ជាក់ជាមិនខាន។

ពងទាកូនស្រែននោងដែលមានទីតាំងក្នុងស្រុកត្រាំកក់ ក៏ជាផលិតផលកសិកម្ម របស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់ តំបន់ភូមិសាស្ត្រ ជាប់ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្ត។

តាមប្រសាសន៍ ឯកឧត្តម​  លោក អ៊ូច ភា អភិបាលនៃខណៈអភិបាលខេត្តតាកែវ បានអះអាងថា ខេត្តតាកែវបានជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ដោយសារនាពេលកន្លងមក សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ហើយបាន ដាក់រហ័សនាមឱ្យបែបនេះ ។ តើពងទាកូនខេត្តនេះមានលក្ខណៈពិសេសអ្វីខ្លះ បានជា​មានរហ័សនាមថា “អធិរាជពងទាកូន” និងក៏ធ្លាប់ល្បីតគ្នាថាពងទាកូនខេត្តនេះធ្លាប់បានចុះក្នុងបញ្ជីការរបស់ក្រសួងពាណិជ្ជកម្ម?

លក្ខណៈពិសេសនោះរួមមាន៖ កសិករនៅឃុំស្រែននោង បានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ បច្ចេកទេសក្នុងការផលិតជាយូរឆ្នាំ មានការយកចិត្តទុកដាក់ខ្ពស់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្ដល់ចំណីមេទារហូតដល់ផលិតជាពង (ភ្ញាស់អង្គាម) បញ្ចេញលក់លើទីផ្សារ។

មួយវិញទៀតពងទាកូននៅស្រែននោងនេះមានប្រភពចេញពីពងទាខ្មែរពិតៗ ដែលកសិដ្ឋានមួយចំនួន នៅតំបន់ស្រែប្រាំង និងទីវាលស្រែចិញ្ចឹមយកពង ហើយវាក៏ជាប្រភពថ្មីៗស្រស់ ដែលអាចរក្សាបាន នូវគុណភាពស៊ុតល្អ នៅក្នុងការយកមកផលិតជាពងទាកូននៅក្នុងតំបន់មួយនេះផងដែរ។

ប្រសិនបើលោកអ្នកបានអញ្ជើញមកលេងខេត្តតាកែវ សូមកុំភ្លេចភ្លក់ឪជារសពងទាកូនស្រែននោង។