លោក ប៉ែត ផាន់និត ជាប្រធានគ្រូផ្នែកភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។
ផាន់និត មានបទពិសោធការងារផ្នែកបង្រៀនភាសាអង់គ្លេស និងព័ត៌មានឌីជីថលរយៈពេលជាង ១០ឆ្នាំ ដោយគាត់បានទទួលនូវចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អាជីពរបស់គាត់។ ទាំងការបង្រៀនភាសាអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយសុទ្ធតែជាក្តីប្រាថ្នាដ៏មុតមាំ ដែលគាត់តែងតែឱបក្រសោប ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសង្គមល្អប្រសើរ។
ចំពោះគាត់ការបង្រៀនមិនគ្រាន់តែជាការងារប៉ុណ្ណោះទេ ប៉ុន្តែវាជាបេសកកម្មមួយដែលគាត់តែងតែខ្នះខ្នែងជួយដល់អ្នកសិក្សាមានសក្តានុពល និងសម្រេចគោលដៅរបស់ពួកគេ។
មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ផាន់និត ធ្លាប់មានបទពិសោធច្រើនអំពីការគ្រប់គ្រងសាលារៀន តួនាទីរបស់គាត់គឺធានាគុណភាពអប់រំ សុវត្ថិភាព ភាពជាអ្នកដឹកនាំ និងផ្តល់បរិយាកាសរៀនសូត្រសម្រាប់សិស្ស បុគ្គលិក និងភាគីដែលពាក់ព័ន្ធទាំងអស់។ គាត់ជឿជាក់ថាការអប់រំ គឺជាការសិក្សាពេញមួយជីវិត ហើយវាដើរតួនាទីយ៉ាងសំខាន់មួយ ដើម្បីធ្វើឱ្យជីវិតកាន់តែល្អប្រសើរ។ ហើយវាត្រូវការឆន្ទៈបន្ថែមដើម្បីទទួលយកការប្រឈមថ្មីៗ ក្នុងការពង្រឹងនិងអភិវឌ្ឍនខ្លួនឯង។
ផាន់និត មានសញ្ញាបត្រពីរពីប្រទេសកម្ពុជា និងថៃ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ភាសាអង់គ្លេស ពីសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០១៤។ នៅឆ្នាំ ២០១៧ គាត់បានប្រឡងជាប់អាហារូបករណ៍ក្រោមព្រះរាជទានម្ចាស់ក្សត្រី ម៉ាហា ចក្រី សិរិន្ទថន ទៅសិក្សាថ្នាក់អនុបណ្ឌិត រដ្ឋបាលអប់រំ (Education Administration) ពីសាកលវិទ្យាល័យ សុងខ្លា (PSU) ប្រទេសថៃ ហើយបានបញ្ចប់ការសិក្សាជាស្ថាពរក្នុងនៅ២០១៩៕