“ខ្ញុំបានអភិវឌ្ឍន៍ជំនាញរបស់ខ្ញុំតាមរយៈ ការសហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល”
វេទិកាដែលដំណើររឿងត្រូវបានប្រាប់ សម្លេងត្រូវបានស្តាប់...
ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកមានជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ខ្ញុំចូលបានបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារតាំងពីខែតុលា ឆ្នាំ២០១៩ មកម្លេះ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងបំផុត ដែលបានបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំទទួលបានបទពិសោធន៍ពីមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ។ ក្នុងនាមជាគ្រូជំនួយផ្នែកភាសាអង់គ្លេសម្នាក់ ខ្ញុំដឹងថា ដើម្បីធ្វើការងារជាមួយក្រុមការងារឱ្យបានល្អ យើងត្រូវសហការគ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញ ទៅមក។ ជាពិសេសជាងនេះទៅទៀតនោះ គឺយើងត្រូវសហការជាមួយគ្រូបង្គោលឱ្យដូចជាគ្រួសារតែមួយ ហើយត្រូវដោះស្រាយបញ្ហាជាមួយគ្នា។ ការមើលបីបាច់ថែរក្សាសិស្សានុសិស្ស នៅពេលដែលពួកគាត់នៅក្នុងថ្នាក់រៀន និងជួយបង្រៀនពួកគាត់ក្នុងការសិក្សាពិតជាមានសារៈសំខាន់ណាស់។ ខ្ញុំចូលចិត្តធ្វើការងារជាមួយមនុស្សផ្សេងៗគ្នា។ ចំពោះខ្ញុំ ការទំនាក់ទំនងជាមួយអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សពិតជាមានសារៈសំខាន់ណាស់ព្រោះយើងអាចជម្រាបពួកអំពីការសិក្សារបស់កូនៗពួកគាត់នៅក្នុងថ្នាក់រៀនបានយ៉ាងងាយស្រួល។ នៅពេលដែលសិស្សានុសិស្សមានបញ្ហាទាក់ទងទៅនឹងការសិក្សា យើងស្នើសូមឱ្យអ្នកអាណាព្យាបាលសហការជាមួយយើងដើម្បីស្រាយបញ្ហាជាមួយគ្នា។
ខ្ញុំបានអភិវឌ្ឍន៍ជំនាញរបស់ខ្ញុំតាមរយៈសហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។ ខ្ញុំពិតជាមានមោទនភាពចំពោះគណៈគ្រប់គ្រង និងមិត្តរួមការងាររបស់ខ្ញុំដែលបានជួយបណ្តុះបណ្តាលខ្ញុំ ឱ្យក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯង មិនថាក្រមសីលធម៌ ក្នុងអាជីពការងារ និងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។
–បូ រតនាអង្គារវត្តី , គ្រូជំនួយផ្នែកភាសាអង់គ្លេស

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាត់ទុកខ្ញុំមិនត្រឹមតែជាបុគ្គលិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកមួយរូបនៃក្រុមគ្រួសាររបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ»
ការបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបទពិសោធន៍ការងារដ៏មានតម្លៃមួយសម្រាប់ខ្ញុំ។ នៅទីនេះខ្ញុំទទួលបានការរៀនសូត្រច្រើនតាមរយៈសិក្ខាសាលា ពីរយៈប្រធានគ្រូ និងលោកគ្រូ អ្នកគ្រូដែលជាមិត្តរួមការងាររបស់ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់មជ្ឈមណ្ឌលភាសា អេ អាយ អាយ អស់ពីដួងចិត្ត ពីព្រោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាត់ទុកខ្ញុំមិនត្រឹមតែជាបុគ្គលិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកមួយរូបនៃក្រុមគ្រួសាររបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំពិតជាសំណាងណាស់ដែលបានក្លាយជាផ្នែកមួយនៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ។
– Charlene Balbin , គ្រូបង្រៀនភាសាអង់គ្លេស

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនខ្ញុំឱ្យក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈ ទំនួលខុសត្រូវ និងចេះជួយអ្នកដទៃ … »
ខ្ញុំបានមកបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ អស់រយៈពេលជិត ៦ឆ្នាំមកហើយ។ ថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាសមាជិកមួយរូបរបស់គ្រួសារនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លោគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់សុទ្ធតែមានវិជ្ជាជីវៈ និងមានភាពរួសរាយរាក់ទាក់ ហើយពួកយើងបានធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅរបស់យើង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនខ្ញុំឱ្យក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈ ទំនួលខុសត្រូវ និងចេះជួយអ្នកដទៃ ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីពជាគ្រូបង្រៀនរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារ និងបង្កើតនូវបរិយាកាសការងារមួយដែលធ្វើឱ្យបុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់ចេះជួយគ្នាទៅវិញទៅមក។
– Sethvisal Pidorith, គ្រូបង្រៀនភាសាអង់គ្លេស

«ពួកគាត់តែងតែរីករាយក្នុងការចែករំលែកនូវអ្វីល្អៗមកកាន់ខ្ញុំ នោះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យខ្ញុំមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង»
ខ្ញុំបានចូលមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពី ឆ្នាំ២០១៩ មកម៉្លេះ។ មុនដំបូងខ្ញុំគ្រាន់តែជាគ្រូក្រៅម៉ោង ប៉ុន្ដែក្រោយមកខ្ញុំក៏ទទួលបានឱកាសក្លាយជាគ្រូពាក់កណ្ដាលពេញម៉ោង ដែលបានធ្វើឲ្យខ្ញុំមានពេលកាន់តែច្រើនក្នុងការរៀននូវការងារផ្សេងៗ ដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមក។ ខ្ញុំតែងទទួលបាននូវការណែនាំល្អៗ ពីអ្នកគ្រប់គ្រងដើម្បីកែតម្រូវនូវចំនុចខ្វះខាត ក៏ដូចជាណែនាំវិធីសាស្រ្តផ្សេងៗ ពួកគាត់តែងតែរីករាយក្នុងការចែករំលែកនូវអ្វីល្អៗមកកាន់ខ្ញុំ នោះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យខ្ញុំមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង។ ខ្ញុំគិតថាការងារដែលល្អនឹងធ្វើឲ្យយើងមានភាពសប្បាយរីករាយក្នុងការមកធ្វើការ តែការមានអ្នកគ្រប់គ្រងល្អកាន់តែធ្វើឲ្យយើងមានសេចក្ដីសុខទ្វេដង ព្រោះការបំពេញការងារតែងតែមានចន្លោះខ្វះខាត ដូច្នេះប្រសិនបើយើងមានអ្នកជួយណែនាំនោះយើងកាន់តែបានរៀនសូត្រពីរាល់កំហុសរបស់យើង និងកែតម្រូវមិនឲ្យកើតមានកំហុសនោះទៀត។
-ភួន វិផា, គ្រូបង្រៀនភាសាថៃ

«សូមអរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្លាយជាបុគ្គលម្នាក់ដូចសព្វថ្ងៃនេះ»
ខ្ញុំចាប់ផ្តើមជីវិតការងាររបស់ខ្ញុំ នៅពេលដែលខ្ញុំរៀនឆ្នាំទី២ នៅសាកលវិទ្យាល័យ។ ខ្ញុំបានចាប់ផ្តើមការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពី ឆ្នាំ២០១៩ ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាគ្រូបង្រៀនភាសាចិន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាស្ថាប័នមួយដែលខ្ញុំមានបំណងចង់ធ្វើការ និងកសាងអាជីពរបស់ខ្ញុំ។ ប្រធានគ្រូរបស់ខ្ញុំ គឺជាបុគ្គលមួយរូបដែលខ្ញុំតែងតែកោតសរសើរ ពីព្រោះគាត់ជាមនុស្ស ចេះជួយយកអាសារ គោរពអ្នកដទៃ មានចំណេះដឹងខ្ពស់ និងស្វាហាប់។ ជាពិសេសទៅទៀតនោះ ក្រុមការងារផ្នែកភាសាចិនរបស់ខ្ញុំ គឺពោរពេញទៅដោយបុគ្គលដែលមានគំនិតទូលំទូលាយ និងចេះជួយទុក្ខធុរៈគ្នា ហើយពួកគេតែងតែជួយខ្ញុំនៅពេលដែលខ្ញុំត្រូវការជំនួយ។ សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងបរិយាកាសការងារដែលប្រកបដោយសន្តិភាព និងការគាំទ្រ ក្នុងការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ ពួកយើងតែងញញឹមដាក់គ្នា គោរព និងស្រឡាញ់រាប់អានគ្នាដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។ ការជ្រើសរើសមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្លាយជាបុគ្គលម្នាក់ដូចសព្វថ្ងៃនេះ។
-ប៊ុន ចាន់ពិសី, គ្រូបង្រៀនភាសាចិន

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនដល់ខ្ញុំ ពីអត្ថន័យពិតនៃ អ្នកដឹកនាំ ដែល អ្នកដឹកនាំ គឺជាអ្នកដែលបម្រើដល់មនុស្សជុំវិញខ្លួនដោយអាកប្បកិរិយាទន់ភ្លន់ មិនមែនជាបុគ្គលដែលត្រូវរង់ចាំគេបម្រើនោះទេ»
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ គឺជាថ្ងៃដែលគួរឱ្យចងចាំបំផុតសម្រាប់ជិវិតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ គឺជាថ្ងៃធ្វើការដំបូងរបស់ខ្ញុំ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។ នៅពេលដែលមកធ្វើការនៅទីនេះភ្លាម ខ្ញុំពិតជាស្រលាញ់បរិយាកាសការងារនៅទីនេះណាស់ ព្រោះបុគ្គលិកទាំងអស់ មានអធ្យាស្រ័យ ជួយទុក្ខធុរៈគ្នា និងរួសរាយរាក់ទាក់ ដែលខុសប្លែកពីកន្លែងដែលខ្ញុំបានរស់នៅ។ ប៉ុន្តែការងារវាដូចជាទំនាក់ទំនងអញ្ចឹង គឺរាល់ថ្ងៃមិនមែនសុទ្ធតែជាថ្ងៃដែលសប្បាយរីករាយនោះទេ។ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃដែលដែលខ្ញុំកំពុងបាត់បង់ម្ចាស់ការលើខ្លួនឯង ហើយសម្រេចចិត្តចាកចេញ ប៉ុន្តែវាជារឿដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ ដែលខ្ញុំមិនធ្លាប់គិតសោះឡើយថានឹងមានបុគ្គលម្នាក់ ដែលមកពីថ្នាក់ដឹកនាំ បានដើរមករកខ្ញុំ ហើយជួយសង្រ្គោះខ្ញុំនៅពេលដែលខ្ញុំកំពុងតែជួបទុក្ខលំបាក។ នេះគឺជាមូលហេតុមួយដែលធ្វើអោយខ្ញុំសម្រេចចិត្តបន្តការងារនៅទីនេះ និងព្រមទទួលយកការប្រកួតប្រជែង ហើយបានក្លាយជាប្រធានគ្រូ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ពីព្រោះ ខ្ញុំចង់ក្លាយទៅជាបុគ្គលម្នាក់ដែលដូចនាង។
ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀត ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តបន្តការងារនៅមជ្ឈមណ្ឌលភាសា អេ អយ អាយ គឺដោយសារតែនៅទីនេះគឺ មិនមានការដាក់កម្រិតការអភិវឌ្ឍរបស់បុគ្គលិកឡើយ គឺមានតែការបើកចំហរ និងផ្តល់ឱកាសមិនថា អ្នកជានិស្សិតទើបបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង ឬអ្នកដែលមានបទពិសោធ៍ច្រើនឆ្នាំនោះទេ។ ពួកគេមើលឃើញទៅលើអ្វីដែលច្រើនជាងសម្បកខាងក្រៅ គឹពួកគេស្វែងរកសមត្ថភាព និងការប្តេជ្ញាចិត្តរបស់អ្នក។ មេរៀនជីវិតមួយដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនដល់ខ្ញុំ គឺអត្ថន័យពិតរបស់ អ្នកដឹកនាំ “អ្នកដឹកនាំ គឺជាអ្នកដែលបម្រើដល់មនុស្សជុំវិញខ្លួនដោយអាកប្បកិរិយាទន់ភ្លន់ មិនមែនជាបុគ្គលដែលត្រូវរង់ចាំគេបម្រើនោះទេ” ។
-Karen Edegan Pagulayan, ប្រធានគ្រូ សាខាម៉ៅសេទុង

“នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺមានរចនាសម្ព័ន្ធត្រឹមត្រូវ និងងាយស្រួល ដែលជួយឱ្យ លោកគ្រូ អ្នកគ្រូ អនុវត្តការបង្រៀនរបស់ពួកគាត់បានយ៉ាងល្អ”
ត្រឡប់ទៅកាលពី ១០ឆ្នាំមុន ខ្ញុំចាប់ផ្តើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយឥឡូវនេះខ្ញុំមានមុខតំណែងជា ប្រធានផ្នែកលេខាធិការអប់រំ។ មុននឹងមកបង្រៀននៅទីនេះ ខ្ញុំធ្លាប់បានបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានដទៃទៀតអស់រយៈពេលប្រមាណជា ១០ឆ្នាំរួចមកហើយ។ តាមរយៈបទពិសោធន៏ដែលធ្លាប់បានធ្វើការនៅកន្លែងដទៃ ខ្ញុំឃើញថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានលក្ខណៈខុសពីស្ថាប័នការងារផ្សេងទៀត ដោយនៅ អេ អាយ អាយ គឺមានរចនាសម្ព័ន្ធត្រឹមត្រូវ និងងាយស្រួល ដែលជួយឱ្យ លោកគ្រូ អ្នកគ្រូ អនុវត្តការបង្រៀនរបស់ពួកគាត់បានយ៉ាងល្អ។ នៅថ្ងៃចូលបម្រើការងារការដំបូង របស់ខ្ញុំ ខ្ញុំមិនមានអារម្មណ៍ឯកានោះទេ ដោយសារខ្ញុំបានជួប នាយក នាយករង ប្រចាំសាខា និងប្រធានគ្រូ ដែលបានផ្តល់ការណែនាំការបង្រៀនដល់ខ្ញុំ និងតែងតែសួរសុខទុក្ខពីខ្ញុំ។ សម្រាប់ខ្ញុំ ការបង្រៀន គឺជាការងារមួយដែលមានតម្លៃបំផុត ពីព្រោះក្នុងនាមជាគ្រូបង្រៀន ខ្ញុំអាចជួយដល់មនុស្សដទៃទៀតបាន ជាពិសេសគឺក្មេងៗជំនាន់ក្រោយ។
បន្ទាប់ពីបានក្លាយជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរការងារមកជា ប្រធានផ្នែកលេខាធិការអប់រំ។ ខ្ញុំក៏ពិតជាពេញចិត្តការងារនេះខ្លាំងផងដែរ ដោយសារខ្ញុំអាចជួយសិស្សមួយចំនួន ដែលពួកគាត់កំពុងសិក្សាភាសា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងជានិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យដែលមានបំណងចង់រកការងារធ្វើ ដោយខ្ញុំបានប្រាប់ពួកគាត់អំពី កម្មវិធី ហាត់ការងារ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លើសពីនេះទៅទៀត ខ្ញុំក៏មានឱកាសបានជួយដល់បុគ្គលិកផ្នែកលេខាធិការៗដែលគាត់មានបញ្ហាក្នុងការងារ តាមរយៈការផ្តល់ការប្រឹក្សា ការណែនាំ និងដំបូន្មានមួយចំនួន។
-លោក ហេង ចន្នីរ័ត្ន, ប្រធានផ្នែកលេខាធិការអប់រំ សាខាម៉ៅសេទុង

“…ប៉ុន្តែវាគឺជាស្ពានដែលនាំខ្ញុំឆ្ពោះទៅកាន់ការបង្កើតទំនុកចិត្ត និងពង្រឹងជំនាញទំនាក់ទំនងរបស់ខ្ញុំ”
ខ្ញុំចាប់ផ្តើមការងារជាអ្នកហាត់ការផ្នែកទីផ្សារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃធ្វើការដំបូងរបស់ខ្ញុំ ខ្ញុំបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកគ្រប់ផ្នែក ហើយអ្នកមើលការខុសត្រូវរបស់ខ្ញុំក៏បានណែនាំការងារដល់ខ្ញុំ។ ដោយសារតែជំងឺកូវីដ១៩ និងកង្វះបុគ្គលិក ខ្ញុំបានប្តូរផ្នែកការងាររបស់ខ្ញុំ ហើយចូលរួមធ្វើការជាមួយ អាយស៊ីអ៊ីអេស (ខេមបូឌា) ដែលជាសេវាកម្មផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេស។ ឥឡូវនេះ ខ្ញុំកំពុងធ្វើការជាមួយជនបរទេសដែលជាបុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ។ ស្ថិតក្រោមការមើលខុសត្រូវរបស់គាត់ ខ្ញុំបានរៀនសូត្រច្រើនពីជំនាញក្នុងការដោះស្រាយបញ្ហា។
ខ្ញុំពិតជាពេញចិត្តក្នុងការបំពេញការងារជាមួយនាង ពីព្រោះនាងជាបុគ្គលដែលមានការគិតទូលំទូលាយ ហើយពួកយើងអាចចែករំលែក និងបញ្ចេញគំនិតរបស់យើងរៀងៗខ្លួនបានដោយសេរី។ លើសពីនេះទៅទៀតភាសាអង់គ្លេសរបស់ខ្ញុំក៏កាន់តែប្រសើរឡើងតាមរយៈការប្រាស្រ័យទាក់ទងជាមួយនាងជារៀងរាល់ថ្ងៃផងដែរ។ ផ្នែកមួយដែលជាបញ្ហាប្រឈមនៅក្នុងការងាររបស់ខ្ញុំគឺទំនាក់ទំនងជាមួយអ្នកអាណាព្យាបាលរបស់សិស្ស ប៉ុន្តែវាគឺជាស្ពានដែលនាំខ្ញុំឆ្ពោះទៅកាន់ការបង្កើតទំនុកចិត្ត និងពង្រឹងជំនាញទំនាក់ទំនងរបស់ខ្ញុំ។
ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱ្យខ្ញុំនូវឱកាសដ៏ល្អនេះដើម្បីទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួនឯង។
– អ៊ឹម គឹមឡាង, អ្នកហាត់ការ

“ទីបំផុត ខ្ញុំបានដឹងថានៅខាងក្នុងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបេះដូង និងទឹកចិត្តដែលតែងតែត្រៀមខ្លួនដើម្បីទទួលមនុស្សគ្រប់រូប”
ខ្ញុំបានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។ នៅថ្ងៃចូលធ្វើការដំបូង ខ្ញុំបានទៅយឺតដោយសារតែវង្វេងផ្លូវ។ នៅពេលដែលខ្ញុំទៅដល់សាលា សម្លេងកណ្តឹងចូលរៀនបានបន្លឺឡើង ហើយខ្ញុំក៏បានឃើញនាយកប្រចាំសាខាកំពុងតែរង់ចាំនៅក្នុងការិយាល័យផងដែរ។ ខ្ញុំបានព្យាយាមទប់អារម្មណ៍ និងទឹកមុខដើម្បីលាក់បាំងសេចក្តីព្រួយបារម្ភពីការមកយឺតនៅថ្ងៃធ្វើការដំបូងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមានការធូរស្បើយអារម្មណ៍វិញ នៅពេលដែលនាយកប្រចាំសាខាមានការយោគយល់ និងព្យាយាមស្តាប់ការពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ។
ពីថ្ងៃដំបូងដែលខ្ញុំចូលបង្រៀន បានរំកិលទៅជាខែ ហើយចំនួនសិស្សដែលខ្ញុំបង្រៀន កើនឡើងពី ៥-៦នាក់ រហូតដល់រាប់រយនាក់។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានជួបក្នុងរយៈពេល ២ឆ្នាំ ដែលខ្ញុំបានធ្វើការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
ខ្ញុំបានអភិវឌ្ឍខ្លួនជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ការជប់លៀងលើកទីមួយ រហូតដល់ការចូលរួមថ្ងៃបុណ្យណូអែលលើកទីមួយ។ ខ្ញុំចាប់ផ្តើមអាចហៅឈ្មោះរបស់សិស្សបាន ដែលពីមុនខ្ញុំមានភាពលំបាកនៅក្នុងការអានឈ្មោះរបស់ពួកគាត់។ ខ្ញុំចាប់ផ្តើមចេះជជែកជាមួយសិស្សរបស់ខ្ញុំឥតឈប់ឈរ។ ខ្ញុំបានឃើញពីភាពរីករាយរបស់សិស្សខ្ញុំនៅពេលដែលពួកគាត់ចេះច្នៃរូបសត្វសេកពីថង់ប្លាស្ទិក និង នៅពេលដែលពួកគាត់ចម្អិនប៉ាស្តានៅផ្ទះជាលើកដំបូងជាមួយរូបមន្តដែលខ្ញុំបានផ្តល់ឱ្យ។ ហើយខ្ញុំបានឃើញសេចក្តីរំភើប របស់អ្នកអាណាព្យាបាលនៅពេលដែលបានឃើញកូនៗចេះសរសេរកាតសម្រាប់ថ្ងៃនៃក្តីស្រឡាញ់។ អនុស្សាវរីយ៍តូចៗទាំងអស់នេះបានរួមចំណែកក្លាយជាផ្នែកមួយដ៏ធំដែលធ្វើឱ្យខ្ញុំពេញចិត្តជាខ្លាំងក្នុងតួនាទីជាគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
ក្នុងនាមជាជនបរទេសម្នាក់ដែលស្វែងរកកន្លែងរស់នៅឆ្ងាយពីប្រទេសកំណើតរបស់ខ្លួន មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានក្លាយជាផ្ទះសម្រាប់ខ្ញុំ និងសម្រាប់អ្នកគ្រូ លោកគ្រូ ជនជាតិហ្វីលីពីនជាច្រើននាក់ទៀត។ ទីបំផុត ខ្ញុំបានដឹងថានៅខាងក្នុងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបេះដូង និងទឹកចិត្តដែលតែងតែត្រៀមខ្លួនដើម្បីទទួលមនុស្សគ្រប់រូប។
– Hannah, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

“ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំដឹងយ៉ាងច្បាស់ថានេះគឺជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ ពីព្រោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងដែលផ្តល់ឱកាសឱ្យខ្ញុំស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង និងរួមការងារជាមួយបុគ្គលិកដែលមានសមត្ថភាពមកពីប្រទេស និងវប្បធម៌ផ្សេងៗជាច្រើន”
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខ្ញុំទទួលបានទាំងអារម្មណ៍រំភើប និងភ័យព្រួយ។ ខ្ញុំមានភាពរំភើបនៅពេលដែលខ្ញុំបានឆ្លងកាត់ជំហានមួយទៀតនៃជីវិតរបស់ខ្ញុំ ប៉ុន្តែភ្លាមៗនោះខ្ញុំក៏មានអារម្មណ៍ភ័យផងដែរនៅពេលដែលខ្ញុំចាប់ផ្តើមគិតអំពីអនាគត ការងារ និងស្ថេរភាពហិរញ្ញវត្ថុរបស់ខ្ញុំ។
ក្នុងនាមជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា ខ្ញុំមានអារម្មណ៍ភ័យព្រួយ ក្នុងការដាក់ពាក្យការងារទៅក្រុមហ៊ុនធំៗ ពីព្រោះខ្ញុំមិនទាន់មានបទពិសោធន៍ការងារគ្រប់គ្រាន់។ ប៉ុន្តែដោយសារតែមហិច្ឆតា និងចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះវិស័យអប់រំ ខ្ញុំក៏ពុះពារធ្វើតាមអ្វីដែលខ្ញុំស្រឡាញ់ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តដាក់ពាក្យការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលត្រូវបានជ្រើសរើស និងចាប់ផ្តើមការងារនៅកន្លែងដែលខ្ញុំតែងតែកោតសរសើរ និងស្រមៃក្នុងការយកជំនាញរបស់ខ្ញុំមកប្រើប្រាស់។
ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំដឹងយ៉ាងច្បាស់ថានេះគឺជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ ពីព្រោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងដែលផ្តល់ឱកាសឱ្យខ្ញុំស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង និងរួមការងារជាមួយបុគ្គលិកដែលមានសមត្ថភាពមកពីប្រទេស និងវប្បធម៌ផ្សេងៗជាច្រើន។ បុគ្គលិកមានការសហការ និងគាំទ្រគ្នាទៅវិញទៅមកដូចជាក្រុមគ្រួសារ។ អ្វីដែលពិសេសបំផុតសម្រាប់ធ្វើការនៅទីនេះ គឺគុណតម្លៃនៃការងាររបស់ខ្ញុំ ពីព្រោះខ្ញុំមានតួនាទីជាកម្លាំងជំរុញមួយដែលមានឥទ្ធិពលលើនិស្សិតកម្ពុជារាប់ពាន់នាក់។
មានពេលខ្លះដែលខ្ញុំបម្រុងនឹងចុះចាញ់ ហើយបោះបង់ក្តីស្រមៃរបស់ខ្លួនឯង ប៉ុន្តែខ្ញុំតែងតែប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថា ថ្ងៃណាមួយនឹងមានកន្លែងការងារដែលទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំ ដូច្នេះហើយទើបថ្ងៃនេះខ្ញុំបានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
– សាំង ស្រីម៉ៅ, អ្នកសរសេរមាតិកា

“មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលភាសាមួយដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៅទីនេះ”
ខ្ញុំបានធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ឆ្នាំ២០១៦ ហើយវាគឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺប្រៀបបានដូចជាផ្ទះរបស់ខ្ញុំ។ ខ្ញុំគឺជាអតីតសិស្សក្រៅម៉ោងថ្នាក់ភាសាអង់គ្លេសទូទៅ កាលពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១២។ ខ្ញុំបានរៀនជាមួយអ្នកគ្រូ លោកគ្រូល្អៗ និងទទួលបានចំណេះដឹងជាច្រើនពីពួកគាត់។ នៅឆ្នាំ ២០១៦ ខ្ញុំបានត្រលប់មកមជ្ឈមណ្ឌលភាសា អេ អាយ អាយ ម្តងទៀតដោយមានតួនាទីជា ជំនួយការគ្រូ។ ក្នុងអំឡុងពេលនោះខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យនៅឡើយ ដោយពុំទាន់មានបទពិសោធគ្រប់គ្រាន់ក្នុងការក្លាយទៅជាគ្រូបង្រៀននោះទេ។ ប៉ុន្តែក្រោយមកទៀត នៅ ឆ្នាំ២០១៨ ក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំក៏បានដាក់ពាក្យជាគ្រូបង្រៀនពេញសិទ្ធិ ហើយបានក្លាយជាសមាជិកពេញលេញម្នាក់របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលភាសាមួយដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៅទីនេះ។ -ស្រីណា អៀង, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

“ខ្ញុំបានធ្វើការជាមួយមិត្តរួមការងារពោរពេញទៅដោយជំនាញ ដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន ហើយពួកគាត់ក៏ជាអ្នកដែលជំរុញខ្ញុំឱ្យហ៊ានចាប់យកនូវឱកាសថ្មីៗ និងប្រឈមមុខនឹងឧបសគ្គ”
ខ្ញុំធ្លាប់បានធ្វើការនៅសាលាមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបានឆ្លងកាត់ការងារជាច្រើន ហើយចុងក្រោយខ្ញុំក៏បានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាកន្លែងការងារមួយដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើការជាមួយមិត្តរួមការងារពោរពេញទៅដោយជំនាញ ដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន ហើយពួកគាត់ក៏ជាអ្នកដែលជំរុញខ្ញុំឱ្យហ៊ានចាប់យកនូវឱកាសថ្មីៗ និងប្រឈមមុខនឹងឧបសគ្គ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងធ្វើការដែលមានអត្ថន័យបំផុតដែលខ្ញុំធ្លាប់បានធ្វើការកន្លងមក ហើយបុគ្គលិកទាំងអស់សុទ្ធតែមានភាពវៃឆ្លាត រួសរាយ និងទំនួលខុសត្រូវ។ បុគ្គលិកទាំងអស់មានការគាំទ្រ និងឆន្ទៈក្នុងការជួយ និងចែករំលែកបទពិសោធន៍របស់ពួកគេដើម្បីជួយឱ្យខ្ញុំសម្រេចគោលដៅ។ បុគ្គលិកការងារទាំងអស់មានភាពស្រស់ស្រាយ និងស្នាមញញឹមជានិច្ច។ ខ្ញុំទទួលបានការគោរព ការលើកទឹកចិត្តជារៀងរាល់ថ្ងៃ និងការគាំទ្រចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមការងាររហូតមកដល់ពេលនេះ។
-លី វិច្ឆិកា, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ