ផ្នែកថែទំាអគារ និងសាខា ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេ សិន។ សព្វថ្ងៃនេះ ផ្នែកថែទំាអគារ និងសាខាមានតួនាទីគ្រប់គ្រង និងថែទាំរាល់កិច្ចការងារដែលរួមមាន ការងារទូទៅក្នុងអគារ ដូចជា ការរចនា ការតុបតែងលម្អ ការជួលជុល ការពិនិត្យគ្រឿងម៉ាស៊ីន អេឡិចត្រូនិច និងទុយោទឹក ព្រមទាំងសម្ភារដ៏ទៃទៀតដែលមានតាមអគារ ពោលគឺដើម្បីឱ្យអគាររបស់យើងមានភាពស្រស់ស្អាតសម្រាប់បម្រើដល់អ្នកអាណាព្យាបាលសិស្ស ឬដល់សិស្សានុសិស្សផ្ទាល់ប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាព។
ជាងនេះទៀត ផ្នែកថែទំាអគារ និងសាខាបម្រើជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវ: និងជំនាញច្បាស់លាស់ ដើម្បីជួយឱ្យក្រុមហ៊ុនសម្រេចបេសកកម្ម ចក្ខុវិស័យ និងនិរន្តភាពរបស់ខ្លួន។ ដើម្បីធានាបាននូវសុវត្ថិភាព និងការប្រតិបត្តិការការងារដោយរលូន រាល់អគារទាំងអស់ត្រូវមានបុគ្គលិកផ្នែកថែទំាអគារ និងសាខាម្នាក់ ដើម្បីប្រចាំការ និងដោះស្រាយបញ្ហាណាមួយដែលកើតឡើង។ ក្នុងករណីដែលមានបញ្ហា ពួកគាត់នឹងអាចដោះស្រាយបានទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការសហការគ្នាជាក្រុមបានយ៉ាងល្អប្រសើរ។
ភារកិច្ចចម្បង និងទំនួលខុសត្រូវការងារ៖
ការទទួលខុសត្រូវចម្បងរបស់ផ្នែកថែទំាអគារ និងសាខាគឺការថែរក្សា និងតំឡើងទាំងឧបករណ៍ដែលមានស្រាប់និងថ្មីក៏ដូចជាសម្ភារផ្សេងទៀត ដែលផ្នែកផ្សេងៗបានស្នើសុំ។ សេវាកម្មរួមមាន៖
ម៉ាស៊ីនត្រជាក់៖
ថែទាំ ដំឡើង និងសម្អាត។
ប្រព័ន្ធទឹក៖
ថែរក្សា និងដំឡើងបរិក្ខារបន្ទប់ទឹក ប្រព័ន្ធលូទឹក ធុងទឹក ម៉ាស៊ីនម៉ូទ័រ។ ល។
ម៉ាស៊ីនភ្លើង៖
ថែរក្សា និងធ្វើបញ្ជីត្រួតពិនិត្យប្រចាំសប្តាហ៍។
ប្រព័ន្ធអគ្គិសនី៖
ថែរក្សា និងជួសជុលឧបករណ៍អគ្គិសនី ឌីសង់ទ័រ និងដំឡើងប្រព័ន្ធថ្មី។
ជណ្ដើរយន្ដ៖
សហការជាមួយក្រុមហ៊ុនខាងក្រៅ ដើម្បីថែរក្សា និងសេវាជួសជុលប្រចាំខែ។
បរិយាកាសការងារ
ក្នុងនាមជាអ្នកមើលថែទាំអគារនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺត្រូវមានកាយសម្បទារឹងមាំ ដើម្បីបំពេញការងារដែលមានដូចជា ការលីសែង ការយួរ កាន់របស់ធ្ងន់ ការឱនឡើងចុះ និងការលូន ឬលត់ជង្គង់ជាដើម។ ជាទូទៅ ការងាររបស់យើងគឺអង្គុយ ៣៣% ដើរ ៣៣% និងឈរ ៣៤%។ ហេតុដូចនេះ បុគ្គលិកនឹងត្រូវប្រឈមនឹងហានីភ័យនៃការរងរបួស និងមានជម្ងឺ ដោយសារលក្ខខណ្ឌនៃការងាររបស់យើង។
ត្រូវចាំថា ការងារប្រភេទនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវចាត់ទុក “សុវត្ថិភាព ជាចម្បង”។