លោក ភួង ថារិទ្ធ នាយកសាខា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាមៅសេទុង។
លោក ភួង ថារិទ្ធ ចាប់ផ្តើមការងារដំបូងនៅសាលារៀនអន្តរជាតិដ៏ល្បីមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៩។ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការអស់រយៈពេលបួនខែកន្លងមក លោក ភួង ថារិទ្ធ ត្រូវបានចាត់តាំងទៅគ្រប់គ្រងសាខារបស់សាលារៀនដែលបានពង្រីកនៅក្នុងក្រុងកំពុងសោមរយៈពេលពេញមួយឆ្នាំ។ លោក ភួង ថារិទ្ធ បានឆ្លងកាត់ការងារជា អ្នកជំនួយការក្នុងការិយាល័យ រដ្ឋបាល អ្នកតំណាងសាកលវិទ្យាល័យវេបស្ទើប្រចាំប្រទេសថៃ និងគ្រូបង្រៀនកុំព្យូទ័រ មុនពេលគាត់លាឈប់ពីការងារមួយនេះនៅខែកក្កដា ឆ្នាំ២០០៤ ដើម្បីចូលរួមជួយផ្តួចផ្តើមបើកសាលារៀនអន្តរជាតិថ្មីមួយទៀត។ លោក ភួង ថារិទ្ធ ត្រូវបានចាត់ចែងឱ្យគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ មានដូចជា ការរៀបចំកម្មវិធីសិក្សាកុំព្យូទ័រគ្រប់កម្រិត រៀបចំតបណ្តាញខ្សែកុំព្យូទ័រ និងរៀបចំឯកសារការងាររដ្ឋបាល។ លោក ភួង ថារិទ្ធ ក៏មានតួនាទីជាគ្រូបង្រៀនកុំព្យូទ័រផងដែរចាប់ពីឆ្នាំ២០០៤ដល់២០០៩។
លោក ភួង ថារិទ្ធ បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០០៩ ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ នៅពេលបញ្ចប់ការបង្រៀន វគ្គសិក្សាដំបូង លោក ភួង ថារិទ្ធ ត្រូវបានថ្នាក់ដឹកនាំចាប់អារម្មណ៏ឱ្យចូលរូមជាអ្នកគ្រប់គ្រង ប៉ុន្តែគាត់មិនទាន់បានសម្រេចចូលរួមនៅឡើយ។ នៅខែមិថុនា ឆ្នាំ២០០៩ លោក ភួង ថារិទ្ធ បានសម្រេចចិត្តចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង។ ពេលនោះ លោកត្រូវជ្រើសរើសជាគ្រូបង្រៀនឆ្នើមប្រចាំវគ្គសិក្សា ហើយត្រូវបានតែងតាំងជាប្រធានគ្រូនៅវគ្គសិក្សាបន្ទាប់នៅខែធ្នូ ឆ្នាំ២០០៩។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានដាក់សម្ភោធសាខាទីពីរនៅតំបន់ទួលគោគជាផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ លោក ភួង ថារិទ្ធ ត្រូវបានតំឡើងតួនាទីជា នាយករង គ្រប់គ្រងកម្មវិធីសិក្សា និងប្រតិបត្តិការទូទៅ។ ដោយសារការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារ លោក ភួង ថារិទ្ធ ត្រូវបានតំឡើងតួនាទីជា នាយកសាខា នៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ន។
លោក ភួង ថារិទ្ធ បានបញ្ចប់ថ្នាក់បរិញ្ញបត្រគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ន័រតុន និងថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។