ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្តបង្កើនភាពចម្រុះនៅកន្លែងធ្វើការ តាមរយៈការរៀបចំវេទិកាសាធារណៈ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្តបង្កើនភាពចម្រុះនៅកន្លែងធ្វើការ តាមរយៈការរៀបចំវេទិកាសាធារណៈ

ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ​ អាយ អាយ (Aii) ដែលជាបុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) សហការជាមួយ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំវេទិកាសាធារណៈលើកទីមួយរបស់ខ្លួនក្រោមប្រធានបទ «ជើងឯកនៃភាពចម្រុះនៅកន្លែងធ្វើការ» នៅរោងភាពយន្ត Prime Cineplex សាខា Samai Square ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០២៤។

ក្រសួងកិច្ចការនារី បានកំណត់យកមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»​ ឬ «Women and Girls in Digital Transformation» យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ដោយបានបង្ហាញឱ្យឃើញពីតួនាទីសំខាន់របស់ស្ត្រីក្នុងការជំរុញវឌ្ឍនភាពឌីជីថល និងការច្នៃប្រឌិត។ ហើយនេះមិនត្រឹមតែជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ និងពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការផ្លាស់ប្តូរផងដែរ ដែលជាការប្តេជ្ញា​របស់​ MJQE។

កម្មវិធីនេះមានការចែករំលែកពីវាគ្មិនកិត្តិយសដូចជា៖

១. សាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយនៃ ក្រសួងអប់រំ យុវជន និងកីឡា។

២. លោកស្រី តិច ស៊ីមហ៊ាង​ ស្ថាបនិក ក្រុមហ៊ុន KM Textiles Company Limited និង Keimeas Handicrafts។

៣. កញ្ញា កែវ គូនីឡា ដៃគូគ្រប់គ្រងនៃ​ ក្រុមហ៊ុន Mekhala Radiant Communications និងត្រូវបានចុះក្នុង 30 under 30 នៅក្នុងស្ថាប័ន Forbes នៅឆ្នាំ២០១៧។

៤. អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិ ក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)។

អ្នកដឹកនាំដ៏មានឥទ្ធិពលទាំងនេះបានចែករំលែកការយល់ដឹង បទពិសោធន៍ ឧបសគ្គ និងជ័យជំនះរៀងៗខ្លួន ដែលបានបង្ហាញយ៉ាងពិតប្រាកដអំពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបរិវត្តកម្មឌីជីថល។

នៅពេលផ្តល់មតិស្វាគមន៍ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ត្រីនៅក្នុងតួនាទីជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន។ «យើងកំណត់ក្រុមហ៊ុនរបស់យើងថា ជាក្រុមហ៊ុនគំរូក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ហើយយើងមានបុគ្គលិកនៅថ្នាក់ជាន់ខ្ពស់កាន់តែច្រើនឡើងដែលជាស្ត្រី។ ពួកគេគឺជាឆ្អឹងខ្នងរបស់ក្រុមហ៊ុនរបស់យើង ហើយពួកគេផ្តល់ទស្សនវិស័យចម្រុះនៅក្នុងការសម្រេចចិត្តរបស់យើង»។ អ្នកឧកញ៉ាក៏បានផ្ញើរសារដ៏មានអត្ថន័យ និងក្តីសង្ឃឹមដោយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមចំពោះភាពចម្រុះ និងបរិយាបន្ននៅគ្រប់កម្រិតនៃស្ថាប័ននីមួយៗ។

សាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា បានមានប្រសាសន៍នៅក្នុងវគ្គចែករំលែកថា៖ «ជើងឯកនៃភាពចម្រុះនៅកន្លែងធ្វើការ គឺដំណើរឈានទៅដល់ការទទួលស្គាល់ និងការផ្តល់សក្តានុពល់ដល់ស្ត្រីក្នុងការចូលកាន់កាប់តួនាទីជាអ្នកដឹកនាំនៅក្នុងស្ថាប័ន»។ គាត់ក៏​បាន​លើកទឹកចិត្តដល់ស្ត្រី និងអ្នកជំនាន់ក្រោយទាំងអស់ឱ្យប្រឹងប្រែងក្នុងការសិក្សាឱ្យដល់ថ្នាក់ឧត្តមសិក្សា និង​ដើរតាមក្តីស្រមៃរបស់ខ្លួន។

វេទិកាសាធារណៈនេះ​ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ឈានមុខគេក្នុងការបង្កើតបរិយាកាសដែលមានភាពចម្រុះ បរិយាបន្ន និងឌីជីថល។ វីដេអូឯកសាររបស់មជ្ឈមណ្ឌលភាសា Aii «យើងជាស្ត្រី» គឺជាភស្តុតាង ដោយបានបង្ហាញពីឧបសគ្គ និងភាពជោគជ័យរបស់ស្ត្រីនៅសម័យថ្មី។

វេទិកាសាធារណៈ «ជើងឯកនៃភាពចម្រុះនៅកន្លែងធ្វើការ» នេះគឺជាផ្នែកមួយនៃ «Road to 2 Decades» របស់ MJQE និង Aii ​ដែលជាការរាប់ថយក្រោយនៃកេរ្តិ៍ដំណែលអស់ជិត ២ទសវត្សរ៍ នៅក្នុងវិស័យអប់រំ។

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា៕

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទំនាក់ទំនងមក៖

លោក ស៊ូ ពិសែន

ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

+855 12 920 028

pisen.sou@aii.edu.kh

ចែករំលែក
ព្រឹត្តិការណ៍

កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ

កម្មវិធី SOGO Grand Launching

ពិធីប្រគល់សញ្ញាបត្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើកទី ២៤

សន្និសីទបង្រៀនលើកទី៩

New Teachers Meeting with the President of Aii Language Center

អបអរសាទរខួបទី ១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ពិធីប្រគល់សញ្ញាបត្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើកទី ២៥