ភាពជោគជ័យនៃស្មារតីសហគមន៍តាមរយៈតន្ត្រី៖ Aii ប្រារព្ធខួប ១៩ ឆ្នាំជាមួយនឹងការប្រគំតន្ត្រីសប្បុរសធម៌

ភាពជោគជ័យនៃស្មារតីសហគមន៍តាមរយៈតន្ត្រី៖ Aii ប្រារព្ធខួប ១៩ ឆ្នាំជាមួយនឹងការប្រគំតន្ត្រីសប្បុរសធម៌

 ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានប្រារព្ធខួបលើកទី ១៩ របស់ខ្លួនជាមួយការប្រគំតន្ត្រីសប្បុរសធម៌ «Aii Road to 2 Decades: Concert for a Cause​»​ ​ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និង​សម្លេងហ៊ោកញ្ជ្រៀវពីទស្សនិកជន នៅសាខាសែនសុខ​។​ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែជាការរាប់ថយក្រោយដល់ឆ្នាំទី ២០ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង Aii ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសាមគ្គីភាពរបស់សហគមន៍អ្នកសិក្សារបស់ Aii តាមរយៈតន្ត្រី វប្បធម៌ និងសប្បុរសធម៌។

ក្នុងនោះមានដូចជាកម្មវិធីកម្សាន្ត និងការសម្តែងវប្បធម៌របស់សិស្សា​នុសិស្ស​ ​និង​​លោកគ្រូ អ្នកគ្រូ ជាភា​សាអង់គ្លេស ខ្មែរ ចិន និង K-pop ដែលឆ្លុះបញ្ចាំងពីភាពចម្រុះ និងទេពកោសល្យនៅក្នុងសហគមន៍ Aii។ សិស្សានុសិស្សបានឡើងបញ្ចេញសមត្ថភាពនៅលើឆាកតន្ត្រីជាមួយការសម្តែងដ៏ជក់ចិត្ត ជូនទស្សនិកជន។ ការ​ប្រគំ​តន្ត្រី​នេះ​មាន​ការចូលរួមសម្តែងពីសិល្បករ និងសិល្បការិនីល្បីៗដូចជា អ្នកនាង ម៉េង កែវពេជ្ជតា ប្អូនស្រី ម៉េង ពេជ្ជតាសង្វាពេជ្រ ក្រុមក្មេងខ្មែរ ABL Griezii, ABL JPhii និង ABL Kanez និងល្អហួស ដែល​បាន​បន្ថែមភាពឱឡារិកដល់ការប្រគំតន្ត្រី។

ហើយក្នុងនោះ ក៏មានផ្តល់ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា សំបុត្រកុន Power Bank បណ្ឌទិញសៀវភៅជាដើម។ ចំណែកឯរង្វាន់ធំមានដូចជា ទូរសព្ទ iPhone 15 Pro នាឡិកា Apple Watch កុំព្យូទ័រយួរដៃ ប្រាក់ 1,000,000 រៀល និងរង្វាន់ភ្ញាក់​ផ្អើលបំផុត គឺសំបុត្រយន្តហោះទៅមកប្រទេសកូរ៉េខាងត្បូង។

ដើម្បីធ្វើឱ្យការប្រគំតន្ត្រីកាន់តែមានភាពរីករាយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធី MENTOR ដែលជាវេទិកាភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់​ ជាមួយអ្នកណែនាំ(Mentor) លើវិស័យនានាដូចជា បច្ចេកវិទ្យា សុខភាព ការអប់រំ ការថតរូប សង្គម និងវិស័យជាច្រើនទៀត ដើម្បីចែករំលែកចំណេះដឹង ពង្រឹងជំនាញ និងពង្រីកការយល់ដឹង។

គួបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីនេះគឺ ជាការបន្តការប្តេជ្ញាចិត្តរបស់ Aii ចំពោះការផ្តល់ការអប់រំប្រកបដោយគុណភាព និងស្មារតីសហគមន៍នៅកម្ពុជា។ ថវិកាដែលបានមកពីការរៃអង្គាសតាមរយៈការលក់សំបុត្រចូលរួមនេះ គឺជាជោគជ័យដ៏អស្ចារ្យ។

Aii មិនត្រឹមតែបានអបអរសាទរប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងចំណងសហគមន៍អ្នកសិក្សារបស់ខ្លួន និងបានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមផងដែរ​។ ព្រឹត្តិការណ៍នេះ មានន័យលើសពីការប្រគំតន្ត្រី វាគឺជាសញ្ញានៃក្តីសង្ឃឹម និងការរួបរួម ដែលបង្ហាញថាការអប់រំ និងតន្ត្រីអាចរួមគ្នា ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានមួយនៅក្នុងសង្គម៕

Aii – the Window to the World.

ចែករំលែក
ព្រឹត្តិការណ៍

កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ

កម្មវិធី SOGO Grand Launching

ពិធីប្រគល់សញ្ញាបត្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើកទី ២៤

សន្និសីទបង្រៀនលើកទី៩

New Teachers Meeting with the President of Aii Language Center

អបអរសាទរខួបទី ១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ពិធីប្រគល់សញ្ញាបត្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើកទី ២៥